គួរយល់ដឹងទាំងអស់គ្នាអំពីសារប្រយោជន៍ដ៏ធំធេងរបស់ទឹកឃ្មុំ

ក្នុងការពិសោធន៍មួយគេបានកត់សម្គាល់ឃើញថា នៅពេលដែលដើមឈើមួយដើមស្វិតស្រពោន ក្រោយពីបានស្រោចទឹកដែលមានលាយទឹកឃ្មុំ ដើមឈើនោះនឹងស្រស់បំព្រងឡើងវិញ។

តាំងតែពីយូរយារណាស់មកហើយ ទឹកឃ្មុំគឺជាចំណីដ៏ល្អប្រសើរមួយដែលមនុស្សយើងនៅពាសពេញពិភពលោកនិយមចូលចិត្ត។ នៅប្រទេសបារាំងខាងជើង កាលពីជំនាន់មុននៅក្នុងសប្តាហ៍ក្រេបទឹកឃ្មុំ គេតែងរៀបចំស្រាទំពាំងបាយជូរនិងទឹកឃ្មុំទុកឲ្យកូនកំលោះក្រមុំបរិភោគដើម្បីបំប៉នកម្លាំង។ ដោយហេតុនេះហើយបានជាមានពាក្យថា «សប្តាហ៍ទឹកឃ្មុំ» ត្រូវបានគេយកមកប្រើរហូតដល់សព្វថ្ងៃ ដែលមានន័យថា «ជាថ្ងៃដ៏មានសុភមង្គលបំផុតសម្រាប់ប្តីប្រពន្ធថ្មីថ្មោង»។

សារសំខាន់នៃទឹកឃ្មុំវាមានធំធេងណាស់ គេអាចយកវាទៅធ្វើជានំ ធ្វើស្ករ យកទៅលាយក្នុងទឹកតែផឹកជំនួសស្ករ ក្មេងបៅដោះម្តាយមិនគ្រប់គ្រាន់ គេអាចបន្ថែមដោយទឹកឃ្មុំ ម្យ៉ាងទៀតវាអាចជួយឲ្យក្មេងឆាប់ដុះធ្មេញ។

ទឹកឃ្មុំប្រមូលផ្តុំដោយសារជាតិប្រូតេអ៊ិន Globulins , ជាតិដែក, Phosphate, Sulfate សុទ្ធសឹងជាសារធាតុដែលសរីរាង្គកាយមនុស្សត្រូវការជាចាំបាច់ មិនតែប៉ុណ្ណោះវាក៏សម្បូរទៅដោយជីវជាតិ A, B, C, D និង E ថែមទៀតផង។

ទឹកឃ្មុំអាចជួយបំប៉នបេះដូងឲ្យធ្វើការបានល្អ និងជួយបង្កើនឈាម។ តាមលោកវេជ្ជបណ្ឌិត Dorval de Montreal បានឲ្យដឹងថា ក្មេងដែលមានរាងកាយស្គមស្គាំង ខ្វះឈាម កាលណាឲ្យផឹកទឹកឃ្មុំ វាធ្វើឲ្យឡើងទម្ងន់ និងមានឈាមគ្រប់គ្រាន់ឡើងវិញ។ វេជ្ជបណ្ឌិត Damade ក៏បានពិសោធន៍ឃើញថា កូនក្មេងដែលពិបាករំលាយអាហារ ពោះប៉ោងធំ ឈឺក្រពះ ហើមពោះវៀន ជាដើម ក្រោយពីឲ្យផឹកទឹកឃ្មុំលាយទឹកមួយរយៈមកវានឹងធ្វើឲ្យធូរស្រាលឡើងវិញ។ ចំពោះមនុស្សធំដែលដំបៅក្រពះ ដំបៅពោះវៀនខ្ចី ក៏អាចព្យាបាលនឹងទឹកឃ្មុំឲ្យជាសះស្បើយបានដែរ។

ក្រៅពីនេះទឹកឃ្មុំអាចយកទៅសម្លាប់មេរោគ និងព្យាបាលអ្នកពុលផ្សិតឲ្យផុតពីសេចក្តីស្លាប់បានផងដែរ។ ពេលមានរបួសសើស្បែក គេតែងយកទឹកឃ្មុំទៅលាបកន្លែងរបួសនោះដើម្បីជួយកាត់បន្ថយការឈឺចាប់ និងជួយឲ្យដំបៅឆាប់ជាសះស្បើយវិញ។

ដោយសារទឹកឃ្មុំ មានសារប្រយោជន៍ដ៏ធំធេងដូច្នេះហើយ ទើបទឹកឃ្មុំដែលរកបានពីក្នុងព្រៃមិនអាចបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់បានគ្រប់គ្រាន់ ជាហេតុធ្វើឲ្យមុខរបរចិញ្ចឹមឃ្មុំនៅពាសពេញពិភពលោកកំពុងតែកកើត និងរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត៕

Related posts

Leave a Comment